សុំស្នេហ៍យូរហើយមិនព្រម គំរាមសម្លាប់
ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៨:៣០ (28-03-2017 08:30)
រាជធានីភ្នំពេញ ៖ យុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័នម្នាក់ បានស្រលាញ់គ្នាជាមួយយុវតីម្នាក់ទៀត ដែលជាសិស្សរៀនថ្នាក់ជាមួយគ្នា ហើយការស្រលាញ់គ្នានោះមានរយៈពេលប្រហែល៣ទៅ៤ខែមកហើយ ។ លុះនៅពេលចុងក្រោយនេះ យុវតីខាងលើ ក៏បានដកចិត្តឈប់ស្រលាញ់ និងផ្ដាច់ទំនាក់ទំនងស្នេហ៍ទៅវិញ ។ បន្ទាប់ពីខំតស៊ូដើម្បីស្នេហា តែត្រូវបរាជ័យបែបនេះ ទើបធ្វើឲ្យយុវជននោះខឹងខ្លាំងណាស់ ទើបយុវជនឈាមរាវខាងលើ បានដាក់ដាវ១ដើមនៅក្នុងកាបូបស្ពាយ ក្នុងបំណងតាមកាប់ប្រហារសម្លាប់នាងចោល ប៉ុន្តែត្រូវ ម្ដាយស្រីស្រស់ទងវង ក៏បានរាយការណ៍ប្រាប់លោកនាយកសាលា និងបានខលហៅនគរបាលចុះទៅឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្ដិ៍ចោមចៅ។
ហេតុការណ៍នោះបានបង្កការភ្ញាក់ផ្អើលពេញ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងថ្នាក់១២ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវសិស្សដែលចាញ់ស្នេហ៍ខាងលើនោះ ឈ្មោះ ភី លីដា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់១២ នៃវិទ្យាល័យខាងលើ មានទីលំនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកយុវតីរងគ្រោះអាយុប្រហែល១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យជាមួយគ្នា មានទីលំនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ។
តាមប្រភពបានឲ្យដឹងថា យុវជនសង្ស័យខាងលើនោះ បានលួចស្រលាញ់យុវតីម្នាក់នោះយូរមកហើយ ដែលមុនដំបូងបានលាក់ទុកតែនៅក្នុងចិត្តប៉ុណ្ណោះ លុះការស្រលាញ់កាន់តែមានភាពជ្រាលជ្រៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យយុវជននោះបាត់មុខនាងមិនបាន រហូតមិនបានឃើញនាង ឲ្យតែបានឃើញត្រឹមតែដំបូលផ្ទះក៏បានដែរ ក្រោយមកទៀតគេមានភាពក្លាហានហ៊ានប្រាប់ពីការពិតដល់នាងថា ខ្លួនស្រលាញ់នាងថែមទៀតផង។ បន្ទាប់ពីបានប្រាប់ការពិតដល់នាងបានដឹងហើយ យុវជននោះក៏បានតាមសុំអង្វរប្រលោមស្នេហ៍នាងរហូត ប៉ុន្តែចំណែនាងវិញមិនបានផ្ដល់នូវក្ដីស្រលាញ់តបមកយុវជននេះវិញឡើយ ដោយមិនដឹងថានាងគ្មាននិស្ស័យ ឬក៏មានគូកំណាន់ចិត្តរបស់នាងរួចទៅហើយ ឬនាងមិនបានគិតដល់ពីរឿងស្នេហា គិតតែខំប្រឹងតែការសិក្សានោះឡើយ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលតាមអង្វរសុំស្នេហ៍អស់លទ្ធភាព យុវជននោះក៏បានគំរាមនាងថា «បើមិនព្រមស្រលាញ់ខ្លួនទេ ខ្លួននឹងកាប់សម្លាប់នាងចោល រួចហើយនិងធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ គឺស្លាប់ទាំងពីរនាក់តែម្ដង» ។ ដើម្បីបញ្ជាក់ពីភាពស្រលាញ់ស្មោះរបស់ខ្លួនចំពោះនាង ប៉ុន្តែទោះបីជាយុវជននោះគំរាមយ៉ាងណា ក៏មិនបានធ្វើឲ្យយុវតីរូបស្រស់សោភាខ្លាចញញើតនោះឡើយ នៅតែមិនព្រមបន្តក្ដីស្រលាញ់វិញដដែល។
ខណៈនោះយុវជនខាងលើ មានការអស់សង្ឃឹមយ៉ាងខ្លាំង រហូតគិតខ្លីក៏បានលាក់ដាវ១ដើមនៅក្នុងកាបូបស្ពាយជាមួយសៀវភៅ និងប៊ិចចូលទៅសិក្សា ក្នុងបំណងកាប់សម្លាប់នាងចោលតែម្ដង។ ប៉ុន្តែត្រូវបានបងប្អូននារីរងគ្រោះដឹងទាន់ ក៏បានទៅប្រាប់ដល់ម្ដាយរបស់នាង ទើបស្ត្រីជាម្ដាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ហើយក៏បានយកដំណឹងនេះទៅប្រាប់ដល់លោកនាយកសាលាឲ្យជួយអន្តរាគមន៍។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលទទួលដំណឹងថា នៅក្នុងសាលារបស់ខ្លួនមានសិស្សលាក់ដាវចូលថ្នាក់រៀនបែបនេះ លោកនាយកក៏បានទៅធ្វើការស្រាវជ្រាវភ្លាមដែរៗ ហើយបានរកឃើញដាវនោះមែន ក៏រាយការណ៍ប្រាប់ដល់នគរបាលចោមចៅឲ្យជួយចុះទៅឃាត់ខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលពេញថ្នាក់រៀនតែម្ដង។
ក្រោយពេលឃាត់ខ្លួនបាន នគរបាលបាននាំយុវជននោះទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ដោយឡែកយុវសិស្សជាប់ចោទបានបដិសេធន៍ថា ខ្លួនមិនមានបំណងកាប់ប្រហារទៅលើអ្នកដែលខ្លួនស្រលាញ់ដូចជាការចោទប្រកាន់នោះឡើយ គឺដាវខាងលើខ្លួនរើសបាន ហើយក៏លាក់ទុកនៅក្នុងកាបូបស្ពាយទុកសម្រាប់គ្រាន់ការពារខ្លួនតែប៉ុណ្ណោះទេ ព្រោះកន្លងមកធ្លាប់មានអ្នកទូរស័ព្ទមកគំរាមខ្លួនច្រើនលើកច្រើនសារមកហើយ។ អ្នកគំរាមខ្លួននោះ គឺជាអ្នកចង់ដណ្ដើមសង្សាររបស់ខ្លួន (នាងរងគ្រោះ) ពីខ្លួនទៅ ប៉ុន្តែទោះបីជាបែបណា នគរបាលមិនបានជឿពាក្យដោះសារនោះទេ និងបានធ្វើការសាកសួរតាមជំនាញ ដើម្បីកសាងសំណុំរឿង៕
https://youtu.be/_OC6EeNdfpo
ដោយ ៖ យន់ ស៊ីថា
EmoticonEmoticon