រឿងមួយមិនគួរធ្វើ ពេលនៅក្បែរដំរី ប្រយ័ត្នដូចនារីម្នាក់នេះ ត្រូវដំរីវ័ធ
ថៃ៖ ជាធម្មតាដំរី ត្រូវបានគេចាត់ទុកថា ជាសត្វមួយប្រភេទដែលទន់ភ្លន់បំផុត ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ បែរជាកើតរឿងមិនល្អមួយ ទៅលើនារីទេសចរម្នាក់ ត្រូវដំរីដាក់មួយប្រម៉ោយ បណ្តាលឲ្យហោះស្ទុយ ដោយសារតែនាងបានធ្វើខុសនូវរឿងមួយ។ នេះបើយោងតាម ការចុះផ្សាយពីសារព័ត៌មាន ដេលីម៉ែល ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧។
តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា នារីរងគ្រោះជាភ្ញៀវទេសចរ មិនបង្ហាញអត្តសញ្ញាណខាងលើនេះ បានប្រើអេប៉ុងនៅដុសលាងលើប្រម៉ោយដំរី នៅឯទន្លេមួយកន្លែង ស្ថិតនៅក្នុងប្រទេសថៃ។ ដំបូងឡើយ មុនពេលដែលនាង ចាប់ផ្តើមដុសលាងៗទៅលើប្រម៉ោយ និងភ្លុករបស់ដំរី គេឃើញថា នារីរងគ្រោះក៏បានបាចទឹកទៅលើវាផងដែរ។ ផ្ទុយទៅវិញ ទំនងជាការប៉ះពាល់ (ដុសលាង) ទៅលើសត្វដំរី ពីសំណាក់នារីរងគ្រោះខុសទំនង ទើបបានធ្វើឲ្យដំរីមិនសប្បាយចិត្ត ភ្លាមៗនោះដំរីមួយក្បាលនោះ ក៏ស្រាប់តែប្រតិកម្ម ហើយវ័ធនាងដោយភ្លុករបស់វា បណ្តាលឲ្យនារីរងគ្រោះហោះស្ទុយតែម្តង។
នារីរងគ្រោះ ត្រូវបានគេមើលឃើញថា ត្រូវដំរីវ័ធខ្ទាតចេញប្រមាណជាង១ម៉ែត្រ ពីកន្លែងកើតហេតុ មុនពេលដែលនាងធ្លាក់ទៅលើដី។ ប៉ុន្តែទោះបីជាយ៉ាងក្តី នៅចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញនារីរងគ្រោះ នៅតែអាចក្រោកងើបឡើងជាធម្មតា ហាក់ពុំមានការឈឺចាប់សម្រាប់នាងឡើយ។ ខណៈពុំទាន់មានប្រភពច្បាស់លាស់ណាមួយ បានរាយការណ៍ឲ្យដឹងថា នារីរងគ្រោះអាចនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ។
យ៉ាងណាមិញ នេះក៏ជាសារមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នា ក៏ដូចជាភ្ញៀវទេសចរជាច្រើនផ្សេងទៀត គួរណាស់បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែម មិនថាឡើយនៅក្បែរ ប្រភេទសត្វណាមួយនោះទេ ចៀសវាងរងគ្រោះថ្នាក់ជាយកថាហេតុ កើតឡើងមកលើខ្លួនឯងផងដែរ ៕
EmoticonEmoticon